យុវជនឆ្នាំ២០២២ តើត្រូវរៀនអ្វី?

ខ្ញុំបាទឈ្មោះ ឃួន សារ៉ាត ជាម្ចាស់ប្លុកនេះ សូមធ្វើការចែករំលែកគំនិត និងបទពិសោធន៍ការងារមួយចំនួនទៅដល់យុវជន ជំនាន់ក្រោយនេះដើម្បីជាគំនិត និងផ្លូវសម្រាប់តម្រង់ផ្លូវថាតើមកដល់ពេលនេះ ម៉ោងនេះ អ្នកបានដើរនៅលើផ្លូវណា តើអ្នកមានក្តីរំពឹង ឬក្តីស្រម៉ៃហើយឬនៅ ដើម្បីធ្វើការគួតជាមនុស្សធនធាន ឬមនុស្សនៅជុំវិញអ្នក?

ការប្រគួតជាមួយមនុស្សនៅជុំវិញ ឃ្លានេះមិនមែនសម្តៅទៅដល់ការប្រើកម្លាំងបាយវាយផ្តួល ឬមានចេតនាធ្វើឱ្យមនុស្សរងទុក្ខដោយសារតែអ្នកនោះទេ គឺមានន័យថា សម័យនេះបើអ្នកមិនចេះជំនាញ ឬមិនមានបទពិសោធន៍នោះទេ គឺពិតជាពិបាកក្នុងការប្រឡូក ឬចាប់យកឱកាស់ការងារល្អណាស់ ព្រោះមនុស្សចេះតែវិវត្តន៍ខួរក្បាល និងជំនាញបានច្រើនជាងអ្នក។ ពីមុនការងាររត់អ្នក តែពេលនេះអ្នកគឺត្រូវតែរត់រកការងារម្តង ចុះបើអ្នកមិនចេះ ឬមិនមានបទពិសោធន៍ការងារនោះទេ តើអ្នករត់រកការងារបានយ៉ាងដូចម្តេច? ពិតណាស់យុវជនសព្វថ្ងៃគឺពិតជាមានការលំបាកក្នុងការស្វែងរកការងារ ហើយចំពេលនេះគឺជាពេលវេលារស់នៅជាមួយចម្ងឺយ៉ាងកាចសាហាវគឺចម្ងឺ កូវីត-១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន រដ្ឋ និងឯកជន និងធ្វើឱ្យសង្វាក់ផលិតកម្មមានការកាត់បន្ថយ ហើយវិស័យការងារក៏ត្រូវបានកាត់បន្ថយមនុស្ស ឬពលកម្ម ដោយតម្រូវយកតែមនុស្ស ឬបុគ្គលិកដែលមានជំនាញច្បាស់លាស់ ហើយអាចកាន់ការងារបានច្រើនផងដែរ។ ចុះបើអ្នកមិនមានជំនាញប្រាកដ តើពួកគេរស់នៅ និងរកការងារដើម្បីចិញ្ចឹមក្រពះបានយ៉ាងដូចម្តេច?

ឆ្នាំ២០២២ អ្វីៗគឺមានភាពរីកម្រើនទាំងអស់សូម្បីតែជម្ងឺកូវីត-១៩ក៏មានភាពរីកចម្រើនតាមឈ្មោះរបស់វាដែរ គឺកូនវីត-១៩ បន្ទាប់មក ឌេលតា បន្ទាប់មកក្រោយនេះគឺ អូមីក្រុង។ សូម្បីតែជម្ងឺក៏វាចេះវិវត្តខ្លួនវាទៅហើយ ចុះអ្នកបានវិវត្តអ្វីខ្លះហើយ? ឬក៏ចេះតែលេងតែហ្គេម និងចាំតែសុំលុយម៉ែឪមកចាយមែនទេ? តែខ្ញុំក៏យល់ស្របដែរថាកូវីតវាយលុកខ្លាំងមិនអាចចេញទៅក្រៅ រកការងារបានទេ តែសម័យនេះគឺឧស្សាហកម្ម ៤.០ (Industry 4.០) មនុស្សបានងាកមកធ្វើការតាមផ្ទះរៀងៗខ្លួន ហើយអ្នកខ្លះបានធ្វើការតាមអនឡាញរហូតពួកគេចេះរកប្រាក់ចំណូលពីការអនឡាញផងដែរ។

យុវជនមួយចំនួនមានភាពខ្ជះខ្ជាយការងារ ឬមើលរំលងការងារស្ម័គ្រចិត្តជួយសង្គម វាពិតជាសំខាន់ណាស់ក្នុងជីវិតអ្នកដែលការងារសង្គម ឬការងារស្ម័គ្រចិត្តបានជម្រុញឱ្យអ្នកបានស្គាល់នៅទិដ្ឋភាពការងារក្នុងសហគមន៍ និងការរស់នៅរបស់ពលរដ្ឋ ហើយវាពិតជាធ្វើឱ្យអ្នកយល់ច្បាស់ថាអ្នកគួរតែសិក្សាមុខវិជ្ជាអ្វី និងដើម្បីអ្វីហើយ។ ចំពោះខ្ញុំ គឺខ្ញុំបានចូលរួមការងារស្ម័ួគ្រចិត្តតាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៥ ដែលការងារទាំងនោះបានជួយ និងជម្រុញឱ្យខ្ញុំស្គាល់ពីការងាររស់នៅក្នុងសង្គម ការងារាប់អានមនុស្សនៅជុំវិញថ្មីៗ ការពង្រឹងសមត្ថភាព ការរសិក្សាពីជីវិភាពពលរដ្ឋក្នុងសហគមន៍ ការងារទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងការងារវិស័យក្រុមហ៊ុន ល.ល។ ការងារទាំងនោះមិនបានផ្តល់ជាថវិការមកខ្ញុំវិញទេ តែវាផ្តល់គ្រឹះចំណេះដឹងមូលដ្ឋានជាច្រើនសម្រាប់ឱ្យខ្ញុំចេះថ្លឹង និងដោះស្រាយបញ្ហាបានដោយខ្លួនឯងមួយចំនួនដោយព។ចាំបាច់ពឹងផ្អែកលើជំនួយពីអ្នកដទៃទាំងស្រុងនោះទេ។